របៀបមានគុណវុឌ្ឍិជាថ្មីសម្រាប់ MDRT

Daniella Chiu

Daniella Chiu ចែករំលែករបៀបដែលលោកស្រីអាចសម្រេចបាននូវការមានគុណវុឌ្ឍិ MDRT ជាថ្មី តាមរយៈការសាកល្បងវិធីផ្សេងៗ ដើម្បីពង្រីកបណ្ដាញរបស់លោកស្រី។

ការមានគុណវុឌ្ឍិជាថ្មីសម្រាប់ MDRT គឺជាការប្រឈមមួយចំពោះមនុស្សជាច្រើន ដូចនឹងការស្វែងរកវិធីទទួលបានភ្ញៀវនិងភ្ញៀវសក្ដានុពលដើម្បីបិទការលក់ដែរ ដែលហាក់ដូចជាសឹងតែមិនអាចធ្វើបាន។ នៅទីនេះ យើងពិភាក្សាគ្នាជាមួយ Daniella Chiu, ដែលជាសមាជិក MDRT ៤ដង ចាប់តាំងពីឆ្នាំ 2016 ដើម្បីចែករំលែករបៀបដែលលោកស្រីអាចសម្រេចគុណវុឌ្ឍិ MDRT ជាថ្មី។ Daniella បានខំប្រឹងធ្វើការខ្លាំង និងបានរកឃើញវិធីផ្សេងៗ ដើម្បីពង្រីកបណ្ដាញរបស់លោកស្រី ធ្វើឲ្យលោកស្រីមានជោគជ័យដូចសព្វថ្ងៃ។

តើលោកស្រីធ្វើដូចម្ដេចដើម្បីមានគុណវុឌ្ឍិជាសមាជិក MDRT ជាថ្មី?

ការមានគុណវុឌ្ឍិ MDRT អាចសម្រេចបានតាមរយៈខិតខំប្រឹងប្រែងធ្វើការងារខ្លាំង និងការពង្រីកបណ្ដាញរបស់ខ្ញុំ។ ដោយសារមានគោលដៅមួយដើម្បីឲ្យបានក្លាយជាសមាជិក MDRT ម្នាក់ រឿងមួយដែលត្រូវចាំក្នុងចិត្តគឺដឹងថា បើអ្នកជួបមនុស្ស 10នាក់ អ្នកមិនអាចរំពឹងថានឹងបិទការលក់ជាមួយពួកគេទាំង 10នាក់នោះទេ។ អ្នកត្រូវខំប្រឹងប្រែងធ្វើការខ្លាំង ដើម្បីពិនិត្យមើលជាបន្តបន្ទាប់ថាតើអ្នកអាចបង្កើតបណ្ដាញរបស់អ្នកដូចម្ដេច និងចែករំលែករបៀបដែលអ្នកអាចជួយបង្កើនគុណភាពជីវិតរបស់ពួកគេ។

ចំពោះខ្ញុំ គុណភាពដែលខ្ញុំប្រកាន់ជាប់ចំពោះខ្លួនខ្ញុំគឺភាពស្មោះត្រង់ក្នុងការទៅឲ្យហួសក្ដីរំពឹងរបស់ភ្ញៀវខ្ញុំ។ នេះជាអ្វីដែលបានជួយឲ្យខ្ញុំស្ថិតនៅក្នុងចិត្តភ្ញៀវខ្ញុំមុនគេ។ អ្វីផ្សេងទៀតដែលបានជួយឲ្យខ្ញុំមានគុណវុឌ្ឍិ គឺដោយសារភ្ញៀវខ្ញុំចេះតែត្រឡប់មករកខ្ញុំឲ្យជួយពួកគេជាមួយនឹងការរៀបផែនការហិរញ្ញវត្ថុ។ ពួកគេជាច្រើនមិនត្រឹមតែទិញកិច្ចសន្យាសម្រាប់ខ្លួនពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ទិញសម្រាប់សមាជិកគ្រួសារផ្ទាល់របស់ពួកគេផងដែរ ដែលពិតជាបានជួយឲ្យខ្ញុំសម្រេចគោលដៅរបស់ខ្ញុំ និងបានប្រែក្លាយជាសមាជិក MDRT ម្នាក់។

តើអ្វីជាការប្រឈមដែលបានជួបប្រទះ នៅពេលព្យាយាមទទួលបានគុណវុឌ្ឍិ MDRT ជាថ្មី?

ពេលខ្លះ យើងគិតថាភ្ញៀវសក្ដានុពលដែលយើងបានប្រាស្រ័យទាក់ទងជាមួយ នឹងទិញផលិតផលហិរញ្ញវត្ថុរបស់យើងដោយស្វ័យប្រវត្តិ ហើយយើងអាចបិទការលក់។ ទោះជាយ៉ាងនេះក៏ដោយ ពេលខ្លះ យើងមិនបានត្រៀមសម្រាប់ព្រឹត្តិការណ៍ដែលភ្ញៀវយើងផ្លាស់ប្ដូរចិត្តរបស់ពួកគេ និងនៅទីបំផុត មិនទិញផលិតផលហិរញ្ញវត្ថុរបស់យើងទេ។ នៅពេលរឿងនេះកើតឡើង វាធ្វើឲ្យការសម្រេចគោលដៅ MDRT និងការទទួលគុណវុឌ្ឍិ MDRT ជាថ្មី មានការលំបាក។ ចំពោះខ្ញុំ ការមិនមានផែនការជំនួយសម្រាប់ខ្លួនខ្ញុំ ដើម្បីត្រៀមសម្រាប់ពេលនោះ គឺជាការប្រឈមមួយសម្រាប់ខ្ញុំ។

ការប្រឈមមួយទៀតគឺការដោះស្រាយជាមួយផែនការហិរញ្ញវត្ថុជាច្រើនដែលមានស្រាប់ ព្រោះភ្ញៀវទំនងជាប្រៀបធៀបផលិតផលហិរញ្ញវត្ថុផ្សេងៗ។ ខ្ញុំគិតថា វាសំខាន់ណាស់ក្នុងការបន្តពង្រីកមូលដ្ឋានបណ្ដាញរបស់អ្នក ពីព្រោះតាមរយៈនេះ អ្នកនឹងស្គាល់មនុស្សជាច្រើន ធ្វើឲ្យអ្នកកាន់តែយល់ដឹងពីតម្រូវការរបស់ទីផ្សារ និងផ្ដល់ផែនការហិរញ្ញវត្ថុទៅតាមនោះ។

វាសំខាន់ផងដែរ ដែលមិនត្រូវជំរុញភ្ញៀវទាំងនេះទេ ប៉ុន្តែត្រូវប្រាប់ថាតើផែនការហិរញ្ញវត្ថុទាំងនេះអាចផ្ដល់ប្រយោជន៍ឲ្យពួកគេដូចម្ដេច។ ត្រូវចាំក្នុងចិត្តថា ជានិច្ចកាល ត្រូវមានភាពទំនាក់ទំនងល្អជាមួយភ្ញៀវរបស់អ្នក។ ការសម្រេច MDRT មិនត្រឹមតែជួយអ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយភ្ញៀវអ្នកឲ្យមានទំនុកចិត្តលើការងារដែលអ្នកធ្វើដែរ។

តើអ្នកមានដំបូន្មានអ្វីជូនអ្នកទាំងឡាយដែលចង់សម្រេច MDRT ហើយហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ខ្លាំង ក្នុងការសម្រេចវា?

បើអ្នកចង់ក្លាយជាអ្នកប្រឹក្សាហិរញ្ញវត្ថុម្នាក់ វាមានសារៈសំខាន់ក្នុងការត្រៀមខ្លួនដឹងថា មនុស្សទំនង ជាមានគំនិតប្រកាន់ខ្ជាប់មួយចំនួនចំពោះអ្នកប្រឹក្សាហិរញ្ញវត្ថុ។ ពួកគេគិតថា យើងជាអ្នកចាប់បង្ខំ ហេតុនេះហើយ នៅពេលខ្ញុំចាប់ផ្ដើម ខ្ញុំចង់បង្កើតតម្លៃ និងបញ្ជាក់ថាតើខ្ញុំអាចលេចធ្លោនិងផ្ដល់ភាពល្អបំផុតដល់ភ្ញៀវខ្ញុំដូចម្ដេច។ ដំណើររបស់អ្នកប្រឹក្សាហិរញ្ញវត្ថុមិនងាយស្រួលនោះទេ ភ្ញៀវសក្ដានុពលទំនងជាច្រានចោលការងារដែលអ្នកធ្វើ។

ទោះជាយ៉ាងនេះក៏ដោយ នៅពេលអ្នកសម្រេច MDRT មនុស្សទំនងជាគោរពអ្នកច្រើន ដោយសារ តម្លៃដែលអ្នកមាន។ សមាជិកភាព MDRT មានលក្ខណៈអន្តរជាតិ ហើយគ្រប់គ្នាក្នុងឧស្សាហកម្មនេះដឹងពីតម្លៃនៃឋានៈនេះ។ វាមានសារៈសំខាន់ដែលត្រូវសម្រេចឲ្យបាននូវកម្រិតបទដ្ឋាន MDRT បើភាពជាអ្នកប្រឹក្សាហិរញ្ញវត្ថុដែលមានជោគជ័យគឺជាអ្វីដែលអ្នកប៉ងធ្វើក្នុងរយៈពេលយូរ។ វាជាការល្អក្នុងការសម្រេចឲ្យបាននូវសមាជិកពេញមួយជីវិតដែរ។

តើអ្នកមានការណែនាំអ្វីខ្លះដល់អ្នកទាំងឡាយដែលចង់មានគុណវុឌ្ឍិ MDRTជាថ្មី?

សម្រាប់ខ្ញុំ ខ្ញុំទំនងជាធ្វើការច្រើនលើកិច្ចសន្យាធំៗ។ ទោះជាយ៉ាងនេះក៏ដោយ មិនគ្រប់គ្នាទេដែលមានមូលដ្ឋានភ្ញៀវជាក់លាក់ដូចនេះ។ រឿងសំខាន់មុនគេ អ្នកត្រូវដឹងពីទីផ្សាររបស់អ្នក និងភាពខ្លាំងរបស់អ្នក។ ឧបមាថា អ្នកមានអតិថិតាដែលមានតម្លៃសុទ្ធខ្ពស់។ នៅពេលអ្នកភ្ជាប់បណ្ដាញជាមួយមនុស្សទាំងនេះ អ្នកនឹងស្គាល់មនុស្សដែលពួកគេភ្ជាប់ទំនាក់ទំនង ហើយនៅទីបំផុត មិត្តភក្ដិរបស់ពួកគេក៏នឹងក្លាយជាមិត្តភក្ដិរបស់អ្នកដែរ។

អ្នកត្រូវស្វែងរកបណ្ដាញរបស់អ្នក និងដឹងរបៀបដែលអ្នកអាចបង្កើតអតិថិតារបស់អ្នក។ ដោយសារ មានតម្រូវការដើម្បីសម្រេច MDRT អ្នកត្រូវចេញទៅពង្រីកចំណេះដឹងរបស់អ្នក។ វានឹងលំបាកក្នុងការសម្រេចគោលដៅ MDRT បើអ្នកលក់តែផលិតផលហិរញ្ញវត្ថុដែលមានដែនកំណត់ប៉ុណ្ណោះ។ នោះជាមូលហេតុដែលអ្នកត្រូវដឹងថាអ្វីដែលអ្នកពូកែ ហើយត្រូវភ្ជាប់បណ្ដាញឲ្យបានច្រើនតាមដែលអាចធ្វើបាន។

ដើម្បីពង្រីកបណ្ដាញរបស់អ្នក និងចែករំលែកថាតើផលិតផលហិរញ្ញវត្ថុរបស់អ្នកអាចផ្ដល់ប្រយោជន៍ដល់ភ្ញៀវដូចម្ដេច អ្នកក៏ត្រូវចូលរួមជាមួយភ្ញៀវអ្នកផងដែរ និងស្គាល់ពួកគេឲ្យបានច្បាស់ ដើម្បីឲ្យអ្នកអាចទទួលការណែនាំឲ្យ។ តាមរយៈនេះ អ្នកនឹងមានហ្វូងមនុស្សដ៏ទូលំទូលាយដើម្បីចែករំលែកជាមួយ ធ្វើឲ្យអ្នកកាន់តែងាយស្រួលក្នុងការមានគុណវុឌ្ឍិជាថ្មី ពីព្រោះអ្នកចេះតែបន្តជាថ្មីនូវផែនការនានាសម្រាប់ភ្ញៀវទាំងនេះក្នុងរយៈពេលវែងឆ្ងាយ។