6 យុទ្ធសាស្ត្រ សម្រាប់ការបង្កើតក្រុមការងារដ៏អស្ចារ្យ

ក្រុមការងារល្អមិនកើតឡើងដោយឯកឯងទេ។ មានយុទ្ធសាស្ត្រក្នុងការបង្កើតពួកគេ។ រៀនពីអតីតអវកាសយានិកអំពីរបៀបបង្កើតក្រុមការងារដែលអាចប្រតិបត្តិមុខងារខ្ពស់។

ដោយ Dr. Rhea Seddon

បុរស ៦នាក់ និងខ្ញុំ បានអង្គុយលើគ្រឿងផ្ទុះទម្ងន់ 4.5លានផោនស៍ រង់ចាំការបញ្ឆេះ ដើម្បីចាប់ផ្ដើមការហោះហើររបស់យើង នៅលើយានអវកាស Discovery។ យើងបានដឹងថា ក្នុងពេល ៧ថ្ងៃបន្ទាប់ ជីវិតរបស់យើងនឹងអាស្រ័យលើសកម្មភាពរួមគ្នារបស់យើង។ បើអ្វីមួយខុសទំនងក្នុងអំឡុងការហោះហើរនោះ ហើយយើងមិនបានធ្វើការរួមគ្នាទេ យើងប្រហែលជាមិនអាចត្រឡប់មកផ្ទះវិញឡើយ។

តើហេតុដូចម្ដេចទើបយើងមានឱកាសដូចនេះ? យើងត្រូវបានជ្រើសរើសសម្រាប់ Astronaut Corps និងជើងហោះហើរពិសេសនេះ ពីព្រោះយើងមានភ័ស្តុតាងបញ្ជាក់ថា យើងជាក្រុមការងារដ៏ល្អ ទាំងអ្នកដឹកនាំ ទាំងសហការី។ ជំនាញជាច្រើនដែលខ្ញុំបានរៀនអំពីការងារជាក្រុម អាចអនុវត្តបានចំពោះក្រុមទាំងឡាយដែលត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រេចគោលបំណង។

គ្រប់គ្នាគឺជាផ្នែកមួយនៃក្រុមការងារមួយនៅពេលមួយ ឬនៅពេលមួយទៀត — មិនថាវាស្ថិតលើទីលានលេង នៅកន្លែងធ្វើការ ក្នុងការងារស្ម័គ្រចិត្ត ឬនៅផ្ទះឡើយ។ ក្រុមការងារល្អមិនកើតឡើងដោយសារសំណាងទេ។ មានយុទ្ធសាស្ត្រដើម្បីជ្រើសអ្នកលេងក្នុងក្រុម, ប្រតិដ្ឋពួកគេទៅជាក្រុមដ៏អស្ចារ្យ, កំណត់គោលបំណង, ជំរុញទឹកចិត្តពួកគេ, ដោះស្រាយជាមួយអ្នកក្រៅក្រុម និងរៀនអំពីបរាជ័យ និងជោគជ័យ។ នេះជាចំណុចជាក់លាក់ខ្លះ។

1. ការជ្រើសរើស និងការអភិវឌ្ឍអ្នកលេងក្នុងក្រុម

នៅពេលអ្នកកំពុងពិចារណាដាក់ក្រុមការងារសក្ដានុពលជាមួយគ្នា ឬថែមសមាជិកថ្មីទៅក្រុមការងារបច្ចុប្បន្ន ដំណើរការសម្ភាសន៍មានសារៈសំខាន់ណាស់។ តើអ្នកស្នើសុំមានជំនាញចាំបាច់ ឬពួកគេចាំបាច់ត្រូវទទួលការបណ្ដុះបណ្ដាលដែរឬទេ? អ្នកគួរគិតថាតើមនុស្សទាំងនេះមានបទពិសោធន៍ធ្វើការល្អជាមួយក្រុមការងារស្រដៀងគ្នាដែរឬទេ។ តើគេអាចផ្ដល់ឧទាហរណ៍នៃគម្រោងប្រភេទខ្លះ ដែលក្រុមការងារទាំងនោះបានធ្វើការដែរឬទេ និងថាតើបានសម្រេចជោគជ័យប៉ុនណា? ដូចគ្នានេះដែរ ត្រូវប្រាកដថា ក្រុមការងារបច្ចុប្បន្នរបស់អ្នកមានអារម្មណ៍ផាសុកជាមួយបេក្ខជននេះ។

2. ប្រតិដ្ឋមនុស្សមួយក្រុមទៅជាក្រុមការងារមួយ

មិនមែនក្រុមមនុស្សទាំងអស់អាចធ្វើការជាមួយគ្នា ដើម្បីបង្កើតក្រុមការងារអស្ចារ្យទេ។ អ្នកនឹងរកឃើញអ្នកដឹកនាំតាមធម្មជាតិ អ្នកដឹកនាំដែលមានសក្ដានុពល និងអ្នកដើរតាមឥតខ្ចោះ។ ម្នាក់ៗមានតួនាទីធ្វើរៀងៗខ្លួន។ វាអាស្រ័យលើអ្នកក្នុងការដឹងពីសមត្ថភាព និងលទ្ធភាពរបស់ម្នាក់ៗ រួចដាក់ពួកគេក្នុងតួនាទីល្អបំផុត ដើម្បីសម្រេចការងារដែលត្រូវធ្វើ។

3. ការកំណត់គោលបំណងសម្រាប់ក្រុមការងារ

ក្រុមការងាររបស់អ្នកនឹងមានប្រសិទ្ធភាពតែក្នុងករណីមានគោលបំណងដែលបានឲ្យអត្ថន័យច្បាស់ ដែលសមាជិកក្រុមការងារទាំងអស់យល់ និងមានឆន្ទៈធ្វើការងារនោះប៉ុណ្ណោះ។ តួនាទីរបស់ថ្នាក់គ្រប់គ្រង ឬអ្នកដឹកនាំក្រុមការងាររបស់អ្នកគឺត្រូវថ្លែងគោលបំណងទាំងនេះឲ្យច្បាស់ ហើយត្រូវប្រាកដថា ក្រុមការងារយល់ និងធ្វើដំណើរជាមួយគ្នាដើម្បីសម្រេចគោលបំណងនោះ។ ថ្នាក់ដឹកនាំរបស់អ្នកគួរមានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យវឌ្ឍនភាពរបស់ក្រុម និងបុគ្គលម្នាក់ៗ។ បើគោលបំណងរបស់ក្រុមការងារអ្នកមានការផ្លាស់ប្ដូរ សមាជិកក្រុមការងារទាំងអស់ត្រូវតែដឹង អ៊ីចឹងនឹងមានភាពច្បាស់លាស់បន្តទៀត។

4. ការទទួលស្គាល់អ្វីដែលជំរុញទឹកចិត្តក្រុមការងាររបស់អ្នក

វាចាំបាច់ដែលអ្នកដឹងថា អ្វីជំរុញទឹកចិត្តមនុស្សក្នុងក្រុមការងារជាក់លាក់របស់អ្នក។ ចំពោះសមាជិកក្រុមការងារខ្លះ វាជាការរៀនពីជំនាញថ្មី អារម្មណ៍នៃការសម្រេចបានលទ្ធផល ឬអារម្មណ៍អំពីជោគជ័យដែលជាគ្រឿងជំរុញទឹកចិត្តល្អបំផុត។ អ្នកខ្លះទៀតអាចឲ្យតម្លៃលើឱកាសសម្រាប់ការរីកចម្រើន ឬការទទួលស្គាល់។ ប្រាក់រង្វាន់ ការសរសើរ ឬរង្វាន់នានា អាចមានប្រយោជន៍នៅក្នុងការិយាល័យអ្នក។ ជាញឹកញយ ការសរសើរពីសមាជិកដែលជាគ្នីគ្នារបស់ពួកគេ គឺគ្រប់គ្រាន់ហើយ។ តើអ្នកបានគិតលើការប្រកួតមិត្តភាពបន្តិចដែរឬទេ? តែតាមរយៈការសួរសមាជិកក្រុមការងារប៉ុណ្ណោះ ទើបអ្នកអាចដឹងបាន។

5. ការដោះស្រាយជាមួយអ្នកក្រៅក្រុម

ចុះបើម្នាក់នៃសមាជិកក្រុមការងាររបស់ក្រុមហ៊ុនអ្នក ប្រតិបត្តិមិនបានល្អ ឬមិនសមនឹងក្រុមការងារអ្នក ដោយធ្វើឲ្យកន្លែងការងារអផាសុកភាព និងបង្កហានិភ័យដល់ភាពជោគជ័យ? តើអ្នកអាចបង្ហាញទិន្នន័យថា ប្រសិទ្ធផលរបស់គេមិនដល់ស្តង់ដាដែលអ្នកបានកំណត់ និងរំពឹងដែរឬទេ? ចុះរបាយការណ៍អវិជ្ជមានពីសហការី? ការពិភាក្សាផ្ទាល់មុខដ៏ស្មោះត្រង់អំពីបញ្ហាទាំងនេះមានសារៈសំខាន់ណាស់ ហើយវាចាំបាច់ដែលអ្នកត្រូវដោះស្រាយបញ្ហានេះ ឬឲ្យបុគ្គលនោះទៅ ដើម្បីកុំឲ្យបំពុលទឹកចិត្តរបស់ក្រុមការងារទាំងមូល។

6. ការហាត់និងការរៀនសូត្រពីបរាជ័យនិងជោគជ័យ

នៅពេលអ្វីមួយខុសប្រក្រតី វាចាំបាច់ដែលអ្នកស្វះស្វែងយល់ដឹងពីបុព្វហេតុទាំងអស់ និងកែវាភ្លាមៗ។ ត្រូវប្រាកដថា សមាជិកក្រុមការងាររៀនពីបរាជ័យ អ៊ីចឹងកំហុសដដែលនឹងមិនសាឡើងវិញឡើយ។ មិនត្រូវភ្លេចទេថា ការរៀនពីជោគជ័យនឹងធ្វើឲ្យក្រុមការងារអ្នក និងលទ្ធផលរបស់អ្នកប្រសើរឡើងផងដែរ។ រួមបញ្ចូលដំណើរការឬទម្រង់ការដែលប្រព្រឹត្តទៅល្អនាពេលអតីតកាល ហើយត្រូវប្រាកដថា ទទួលស្គាល់សមាជិកក្រុមការងារដែលបានរួមចំណែកជាពិសេសចំពោះសមិទ្ធផលនោះ។

ក្រុមការងារគ្រប់ប្រភេទមាននៅគ្រប់កន្លែង។ ដោយគ្មានមន្ទិល អ្នកគឺជាសមាជិកក្រុមការងារមួយ ហើយក៏ប្រហែលជាអ្នកដឹកនាំក្រុមការងារម្នាក់ផង។ ក្រុមការងារអស្ចារ្យដែលបង្កើតលទ្ធផលខ្ពស់ ត្រូវបានបង្កើត តាមគោលការណ៍សាមញ្ញដែលនាំឲ្យមានការងារជាក្រុមដ៏លេចធ្លោ។ អ្នកត្រូវតែ៖

  • ជ្រើសរើស និងអភិវឌ្ឍសមាជិកក្រុមការងារដ៏អស្ចារ្យ
  • ប្រតិដ្ឋពួកគេទៅជាក្រុមការងារដ៏ល្អបំផុតសម្រាប់ស្ថាប័នអ្នក
  • កំណត់គោលបំណងរបស់ស្ថាប័នអ្នក
  • ជំរុញទឹកចិត្តក្រុមការងារឲ្យបានសមស្រប
  • ដោះស្រាយបញ្ហាជាមួយសមាជិកក្រុមការងារ
  • រៀនពីជោគជ័យនិងបរាជ័យ

ចូរធ្វើតាមយុទ្ធសាស្ត្រទាំងនេះ នោះអ្នកនឹងបង្កើតបានក្រុមការងារដ៏អស្ចារ្យមួយ!

Dr. Rhea Seddon ជាអវកាសយានិក និងជាអ្នកនិពន្ធសៀវភៅ “Go For Orbit” ដែលជាអនុស្សារណៈអំពីដំណើរផ្សងព្រេងរបស់លោកស្រី ដែលបានចំណាយពេល 30ថ្ងៃ ស្ថិតលើយានអវកាសនៅក្នុងលំហអវកាស។ លោកស្រីក៏ជាអតីតពេទ្យវះកាត់, អ្នកប្រតិបត្តិការថែទាំសុខភាព និងសហគ្រិនដែរ។ Dr. Seddon បានថ្លែងសុន្ទរកថាទៅកាន់ទស្សនិកជនគ្រប់ប្រភេទអំពីប្រធានបទក្រុមការងារ ភាពជាអ្នកដឹកនាំ និងការទាញប្រយោជន៍ពីឱកាសទាំងឡាយ។ ដើម្បីស្វែងយល់បន្ថែម សូមចូលមើល astronautrheaseddon.com